សុខភាព 

សត្វខាំ (ជំងឺឆ្កែឆ្កួត)

Spread the love

សត្វខាំ (ជំងឺ​ឆ្កែឆ្កួត) ជា​ជំងឺ​ដែលបង្ក​ឡើង​ដោយមេរោគ ដែល​កើត​នៅ​​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះទាំងសត្វស្រុក និងព្រៃ ដូច​ជា​ឆ្កែ ឆ្មា កណ្ដុរ ប្រជៀវ ចចក សំពោច កញ្ច្រោង … អាច​ចម្លង​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​មក​មនុស្ស។ រហូត​មក​ទល់​សព្វថ្ងៃនេះ ក្នុង​មួយ​ឆ្នាំៗ​នៅ​ទូទាំង​​​ពិភពលោក ​ជំងឺឆ្កែឆ្កួត​ជា​ភ្នាក់ងារ​បង្ក​ឱ្យ​មនុស្ស​បាត់​បង់​ជីវិតអស់​​រាប់​សិប​ពាន់​នាក់។ ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ជា​ករណី​កម្រ​បំផុត​មែនទែន។ ជំងឺ​នេះ​អាច​បង្កឱ្យ​​​ស្លាប់។

របៀបចម្លង​ជំងឺ​ឆ្កែឆ្កួត​មក​មនុស្ស​

ជំងឺ​ឆ្កែឆ្កួត​ ច្រើន​ចម្លង​មក​មនុស្ស​ ដោយ​ញឹកញាប់​ជាង​គេ ដោយ​ការ​ខាំ​របស់​សត្វឆ្កែ។​ ក៏​ប៉ុន្តែ​សត្វ ឆ្មា សត្វ​ប្រចៀវ និង​សត្វ​ព្រៃ​​ជា​ច្រើន​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ក្នុង​ចង្ក្រោម​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ក៏​អាច​ជា​​ចម្លង​ជំងឺ​នេះ​មក​មនុស្ស​បាន​ដែរ។ មេរោគ​ឆ្កែឆ្កួត ចម្លងមក​មនុស្ស​តាម​រយៈ​ទឹក​មាត់​សត្វ​​ដែល​មាន​ជំងឺ​ឆ្កែឆ្កួត ដោយ​​ការ​ខាំ ខ្វាញ​ ​ឬ​លិឍ​ចំ​លើ​កន្លែងរលាត់​ស្បែក​។ មេរោគ​ឆ្កែឆ្កួត​ មិន​ជ្រាប​ចម្លង​តាម​ស្រទាប់​ស្បែក​ជា​របស់​មនុស្ស​យើង​បាន​ឡើយ។ សូម​ចង​ចាំ​ថា ទឹកមាត់​សត្វ​អាច​មាន​ផ្ទុក​មេរោគ​ឆ្កែឆ្កួត​ តាំង​ពី​មួយ​សប្តាហ៍​ មុន​សត្វនោះ​​មាន​សញ្ញា​រោគ​ឈឺ។

រោគសញ្ញា

​         ​មេរោគ​ឆ្កែឆ្កួត​ចូល​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វា​អាច​សំងំ​ស្ងៀម​ ក្នុង​រយៈ​ពេល​ជា​មធ្យម​ពី​៣០-៤៥​ថ្ងៃ មុន​នឹង​ផ្តល់​ជា​រោគ​សញ្ញា​ជំងឺ​។ ប៉ុន្តែ​រយៈ​ពេល​សំងំ​អាច​ខ្លី​ឬ​វែង អាស្រ័យ​លើ​កំរិត​និង​បរិមាណ​នៃ​ការ​ខាំ។ រោគសញ្ញា មានដូចជា៖

  • មានការឈឺចាប់ខ្លាំងឡើងជាលំដាប់ត្រង់កន្លែងរបួស
  • មានកម្ដៅ ហើមតឹងលើមុខរបួស
  • មានព៌ណក្រហមជុំវិញរបួស ឬស្នាមក្រហមមានជាសណ្ឋានជាខ្សែចេញពីកន្លែងខាំ
  • ជួនកាលមានខ្ទុះហូរចេញពីស្នាមខាំ
  • គ្រុនក្ដៅ។ល។

តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​នៅ​ពេល​មាន​សត្វ​ខាំ ?​

​ ទោះ​បី​ជា​ជំងឺ​ឆ្កែឆ្កួត​​ជា​ជំងឺ​កាចសាហាវ​ ព្រោះ​វា​​អាច​បង្ក​ឱ្យ​បាត់​បង់​ជីវិត​​ក៏​ពិត​មែន ប៉ុន្តែ​សូម​ចង​ចាំ​ថា មិនមែន​​គ្រប់​ករណី​ខាំ គ្រប់​ឆ្កែ​គ្រប់​ឆ្មា សុទ្ធ​​តែ​មាន​ផ្ទុ​កមេរោគ​​ឆ្កែឆ្កួត​ឡើយ។ គឺ​មាន​តែ​ឆ្កែ​ឬ​ឆ្មា ឬ​សត្វ​មាន​ជំងឺ​តែ​ប៉ុណ្ណោះ​ដែល​អាច​ចម្លង​មេរោគ​របស់​វា​តាម​រយៈ​ទឹក​មាត់​មក​មនុស្ស​យើង។ ដូច្នេះ ​លោកអ្នក​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ភ័យ​ស្លន់ស្លោ​រទេ។ ក្រោយ​មាន​ហេតុ​សត្វ​ខាំ សូម​អនុវត្តភ្លាម​នូវ​​កាយវិការ​ដ៏​សំខាន់​ខាង​ក្រោម​នេះ៖

  • លាង​របួស ស្នាម​​ដោយ​សត្វ​ខាំ ឱ្យ​ស្អាត ដោយប្រើ​ទឹក​​ចាក់បង្ហូរ​ទឹក​ពី​លើ​ឱ្យ​បាន​ច្រើន​ (ដើម្បី​ដោយ​ទឹកមាត់​សត្វ​ខ្ទាត​ចេញ​ពី​របួស) និង​លាយ​ជាមួយ​សាប៊ូ ដើម្បី​សម្លាប់​មេរោគ
  • បន្ទាប់​មក​បើ​មាន​សូម​លាង​របួស​នឹង​អាល់កុល ឬ​ថ្នាំ​សម្លាប់​មេរោគ​បន្ថែម​ទៀត
  • និង​ចុងក្រោយ​ទើប​ស្វែង​រក​ការ​ចាក់​ថ្នាំ​បង្ការ

វិធានការ​បន្ទាប់​បន្សំ​ផ្សេង​ទៀត ៖ ប្រសិន​បើ​ជា​សត្វ​មាន​ម្ចាស់​ត្រូវ​ឱ្យ​ពេទ្យ​សត្វ​តាមដាន​មើល​សុខភាព​សត្វ​នោះ​រយៈ​ពេល​១៥​ថ្ងៃ។

ការចាក់​ថ្នាំ​បង្ការក្រោយ​សត្វ​ខាំ

ក្នុងវេជ្ជសាស្ត្រ​បច្ចុប្បន្ន​ពុំ​មាន​ថ្នាំ​និង​លទ្ធភាព​ព្យាបាល​ជំងឺ​ឆ្កែឆ្កួតទេ។ នៅ​ពេល​លេច​រោគ​សញ្ញា​ជំងឺ​ឆ្កែឆ្កួតហើយ​ មាន​ន័យថា​​ជា​ការ​ហួស​ពេលហើយ។ ប៉ុន្តែ​ជា​សំណាង​ល្អ​គេ​អាច​ទប់​ស្កាត់​​ជំងឺ​ឆ្កែឆ្កួត​នេះ បាន​ដោយ​ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ប្រសិទ្ធិភាព​រយៈ​ពេល​៥​ឆ្នាំ។ រាល់​គ្រប់​​ថ្នាំ​បង្ការ សុទ្ធ​តែ​ត្រូវ​បាន​គេ​ចាក់​វា នៅ​ពេល​មុន​ឈឺ ប៉ុន្តែ សម្រាប់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែឆ្កួត ការ​ចាក់​ថ្នាំ​បង្ការគួរ​តែ​​ត្រូវ​ធ្វើ​​ឡើង​​ ក្រោយ​ពីមាន​ករណី​សត្វ​ខាំ​តែ​ប៉ុណ្ណោះ។​ ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​ធ្វើ​​ចំនួន​បួន​ដង ក្នុង​ចន្លោះ​ពេល​មួយ​ខែ (០-៣-៧-២៨)គិត​ពី​ថ្ងៃ​ចាក់​លើក​ទី​មួយ​។

ប្រភព៖ សេចក្ដីណែនាំគ្លីនីក MPA & RFI Radio

Facebook Comments

Related posts