សុខភាព 

បញ្ហាគ្រួសតម្រងនោមអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ

Spread the love

តើអ្វីជាគ្រួសតម្រងនោម?

មូលហេតុជាច្រើនផ្សេងៗគ្នានៃការកកើតទៅតាមទំហំតូចឬធំ សម្រាប់គ្រួសតម្រងនោម។ វាអាចសម្ងំនៅក្នុងខ្លួនមនុស្សម្នាក់ៗ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់ ជាពិសេសនៅពេលណាដែលមិនទាន់ស្ទះប្រព័ន្ធបង្ហូរទឹកនោម។

រូបភាពគ្រួសតំរងនោម

ក្នុងករណីគ្រួសតម្រងនោមរំកិល ឬធ្វើឲ្យស្ទះដំណើរលំហូរទឹកនោម ការឈឺចាប់ និងបញ្ហាពីរកើតមានឡើង៖

ការឈឺចាប់ខ្លាំងនៅតំបន់ចង្កេះ

  • ការឈឺចាប់នេះបណ្តាលមកពីការស្ទះភ្លាមៗនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ (អាចខាងឆ្វេង ឬខាងស្តាំ) អាចបណ្តាលឲ្យមានការរីកធំតាមរយៈការដក់ទឹកនោមនៅក្នុងតម្រងនោម។ ការឈឺចាប់នេះអាចនឹងធូរស្បើយទៅវិញដោយសារ៖ ការធ្លាក់ផុតពីបំពង់ទឹកនោមចូលទៅក្នុងផ្លោកនោម ដោយគ្រួសដែលមានទំហំតូចៗ (៣-៤មម)
  • ការបែកធ្លាយនៃប្រព័ន្ធទឹកនោមផ្នែកខាងលើ តាមរយៈការប្រើថ្នាំបំបាត់ការឈឺចាប់

ចំណាំ៖ គ្រោះថ្នាក់ធ្ងន់ធ្ងររហូតខូចតម្រងនោម ភាគច្រើនជួបប្រទះក្នុងករណីចុងក្រោយ ដែលអ្នកជំងឺលែងមានការឈឺចាប់បន្ទាប់ពីពិសារថ្នាំ ហើយគិតថាគ្រាប់គ្រួសជ្រុះ ឬធ្លាក់បាត់។ ផ្ទុយទៅវិញគ្រួសនោះអាចនៅបន្តស្ទះដោយលែងមានរោគសញ្ញាឈឺចាប់ខ្លាំងដូចពីដំបូង។ ដោយសារការស្ទះនេះ តម្រងនោមនឹងចាប់ផ្តើមខ្សោយបន្តិចម្តងៗ រហូតដល់ខូចលែងដំណើរការ។

ការឈឺចាប់នៅតំបន់ចង្កេះរួមទាំងមានការក្តៅខ្លួន

គឺជាការស្ទះនៅផ្លូវបង្ហូរទឹកនោម រួមទាំងការរលាកស្រួចស្រាវដល់បំពង់ទឹកនោម និងតម្រងនោម ដែលស្ទះនោះ។ កត្តាចម្បងដែលធ្វើឲ្យមានមេរោគ ឬខ្ទុះក្នុងប្រព័ន្ធបង្ហូរទឹកនោមគឺការចាល់ ឬស្ទះទឹកនោមនៅផ្នែក ណាមួយនៃប្រព័ន្ធ។ ការរលាកតម្រងនោមស្រួចស្រាវបណ្តាលមកពីការស្ទះទឹកនោម ជាករណីបន្ទាន់វេជ្ជសាស្ត្រ ដែលអាចធ្វើឲ្យអ្នកជំងឺគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

ករណីអ្នកជំងឺធ្ងន់ធ្ងរ ដែលមានសញ្ញាគំរាមកំហែងដល់អាយុជីវិត

អ្នកជំងឺទាំងនោះភាគច្រើនស្តែងចេញ ជាសញ្ញាដូចខាងក្រោម៖
– ស្មារតីមិននឹងនរ
– សម្ពាធឈាមមិននឹងនរ (ស្រុតចុះ)
– ក្តៅខ្លួន (+/-)
– ហត់

រូបតំណាងការឈឺចាប់បណ្ដាលមកពីគ្រួសតំរងនោម

ធ្វើរោគវិនិច្ឆ័យ និងព្យាបាល

ករណីរលាកតំរងនោមស្រួចស្រាវដោយការស្ទះ ការព្យាបាលដោយថ្នាំ នៅផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ ជាមួយការបង្ហូរទឹកនោមដែលមានមេរោគ ឬខ្ទុះទាន់ពេលវេលា គឺអាចជួយសង្គ្រោះជីវិតអ្នកជំងឺឡើងវិញបាន។

ត្រូវការពារកុំឲ្យគ្រួសតម្រងនោមផ្តល់ផលវិបាករហូតដល់ខូចតម្រងនោម ឬមហន្តរាយដល់អាយុជីវិត សូមអញ្ជើញទៅពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលនៅមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញឯកទេសច្បាស់លាស់៕

ប្រភព៖ទស្សនាវដ្ដីសុខភាព

Facebook Comments

Related posts